ភាសាខ្មែរ៖ តែងសេចក្ដីអំពីអក្សរសិល្ប៍

ប្រធាន៖ មានទស្សនៈមួយចែងថា “ការសិក្សាអក្សរសិល្ប៍គឺសិក្សាអំពីមនុស្សដើម្បីមនុស្ស” ។ ចូរពន្យល់ទស្សនៈមួយនេះដោយរកឧទាហរណ៍ក្នុងស្នាដៃអក្សរសិល្ប៍មកបញ្ជាក់ ។

តាំងពីមនុស្សលោកកើតមកលើផែនដីមួយនេះ ពួកយើងតែងតែចង់ដឹង ចង់រៀន ចង់ស្វែងយល់អំពីអ្វីគ្រប់យ៉ាង ។ រយៈពេលប្រមាណ២សែនឆ្នាំបានកន្លងតាំងពីចូលមកក្នុងអត្ថិភាព ពួកយើងបានរីកចម្រើនខ្លាំងជាងសត្វអ្វីផ្សេងៗ ដែលនៅលើលោកនេះ ។ ប៉ុន្តែក្រៅពីសិក្សាទាក់ទងនឹងអ្វី ដែលនៅជុំវិញខ្លួនយើង យើងក៏បានសិក្សាអំពីខ្លួនយើងនិងសង្គមយើងដែរ ។ ការសិក្សាឆ្លុះបញ្ចាំងសង្គម ឬ ជីវភាពមនុស្សនៅសម័យណាមួយនេះ ត្រូវបានគេចាត់ទុកថាជាអក្សរសិល្ប៍ ។ អាស្រ័យហេតុនេះ ទើបមានទស្សនៈមួយដែលចែងថា “ការសិក្សាអក្សរសិល្ប៍ គឺសិក្សាអំពីមនុស្ស ដើម្បីមនុស្ស” ។ តើប្រធានខាងលើមួយនេះមានន័យ ឬ ខ្លឹមសារដូចម្ដេច?

ដើម្បីយល់អំពីទស្សនៈខាងលើនេះ ព្រមទាំងធ្វើឲ្យការបកស្រាយងាយស្រួល យើងត្រូវសិក្សាស្គាល់ពាក្យគន្លឹះសំខាន់ខ្លះៗនៃប្រធានបន្ថែមសិន ។ ពាក្យគន្លឹះទីមួយ អក្សរសិល្ប៍ គឺជាការសិក្សា ឆ្លុះបញ្ចាំងសង្គមមនុស្សនៅសម័យកាលណាមួយ ដើម្បីបង្ហាញនូវបញ្ហា ឬ ទំនាស់ផ្សេងៗនៃសម័យនោះ តាមរយៈបង្កើតនិងនិពន្ធអត្ថបទមួយជាស្នាដៃ ។ ឃ្លាគន្លឹះទីពីរនៃប្រធានខាងលើគឺ “សិក្សាអំពីមនុស្សដើម្បីមនុស្ស” ។ ផ្នែកសំខាន់នេះបញ្ជាក់ថា គោលបំណងនៃការសិក្សាអំពីបញ្ហាទាំងឡាយណា ដែលកើតមានឡើងនៅក្នុងជីវិតមនុស្សនិងសង្គមជាញឹកញាប់នោះគឺ ដើម្បីឲ្យមានប្រយោជន៍ដល់មនុស្ស អប់រំមនុស្ស ចង់ឲ្យអ្នកអាន សិក្សាយកវាទៅពិចារណា គិតចំពោះ ហើយអនុវត្តនូវមេរៀនរបស់រឿង ឬ សិល្ប៍វិធីរបស់អ្នកនិពន្ធរឿងនោះ ។ ឥឡូវដែលយើងបានយល់ច្បាស់គ្រប់ពាក្យគន្លឹះនៃប្រធាន យើងអាចសន្និដ្ឋានថា ការសិក្សាអក្សរសិល្ប៍ជាការសិក្សាអំពីជីវភាពមនុស្សនិងស្ថានភាពសង្គមក្នុងសម័យកាលណាមួយ ដើម្បីស្វែងរកនូវបញ្ហាធំៗទាំងឡាយ ដែលមនុស្សបានជួបប្រទះ ហើយអប់រំនិងផ្ដល់ប្រយោជន៍ ដល់មនុស្សក្នុងសង្គមបច្ចុប្បន្ន ។ ដើម្បីធ្វើឲ្យប្រធានងាយស្រួលយល់បន្ថែមទៅទៀត យើងនឹងអានសិក្សាបន្ដិចអំពីរឿងខ្លះ ដែលបង្ហាញនូវអក្សរសិល្ប៍ ឬ ទាក់ទងនឹងអក្សរសិល្ប៍ ។ ក្នុងរឿងកុលាបប៉ៃលិន យើងបានដឹងថា “អត្តាហិ អត្តនោ នាថោ” គឺពាក្យបណ្ដាំចុងក្រោយរបស់តាចឹមទៅកូនប្រុសរបស់គាត់ចៅចិត្រ មុននឹងគាត់បានចែកឋ្ឋានទៅបាត់ ដោយសារជម្ងឺរោគធ្ងន់ ។ តើពាក្យផ្ដាំមួយឃ្លានេះ មានអត្ថន័យដូចម្ដេច? អ្វីដែលតាចឹមចង់ឲ្យចៅចិត្រដឹង ហើយចាំទុកនោះគឺ ក្នុងជីវិត ទោះបីស្ថានភាពពិបាកយ៉ាងណាក៏ដោយ ទោះបីមានអ្វីអាក្រក់ប៉ុណ្ណាកើតឡើងក៏ដោយ យើងត្រូវចេះរៀនជួយខ្លួនឯង ត្រូវចេះថែទាំខ្លួន ត្រូវមាំមួនដោយខ្លួនឯង កុំរំពឹងទុកនរណាម្នាក់ឡើយ ព្រោះការពិតនោះគឺ គ្មានអ្នកណាអាចជួយយើង ខ្លាំងជាងយើងអាចជួយខ្លួនឯងទេ ។ បន្ទាប់ពីតាចឹមទទួលមរណភាព រាល់ពេលដែលចៅចិត្រនឹកដល់គាត់ ចៅចិត្រតែងតែនឹកដល់ពាក្យបណ្ដាំចុងក្រោយរបស់គាត់ ព្រមទាំព្យយាមអនុវត្តវាទៀតផង ។ ពាក្យបណ្ដាំរបស់តាចឹមនោះហើយ ដែលជួយចៅចិត្រឲ្យចេះជួយខ្លួនឯង រស់នៅដោយឯករាជ ម្នាក់ឯងនិងមិនរំពឹងលើនរណាម្នាក់ឡើយ ។ បើយើងក្រឡេកមើលរឿងផ្កាស្រពោនវិញ យើងដឹងថារឿងមួយនេះនិយាយអំពីសេចក្ដីស្នេហារបស់គូកំសត់មួយ សេចក្ដីស្នេហារវាងវិធាវី និង ប៊ុនធឿន ។ រឿងផ្កាស្រពោនត្រូវបានបញ្ចប់ដោយ សេចក្ដីស្នេហាមិនជោគជ័យ ហើយគួរឲ្យកំសត់ទៀតផង ។ ប៊ុនធឿននិងវិធាវីស្រឡាញ់គ្នាខ្លាំងណាស់ ។ សេចក្ដីស្នេហានោះ ត្រូវបានបណ្ដុះ ដោយមាតាបិតាទាំងសងខាង តាំងពីកុមារភាព ។ ប៉ុន្តែហេតុអ្វីបានសេចក្ដីស្នេហានោះ មិនជោគជ័យ ហើយអ្នកទាំងពីរ មិនទទួលនូវសេចក្ដីសុខសុភមង្គលនៅចុងរឿង? គឺដោយសារតែការលោភលន់ចង់បាន ទ្រព្យសម្បត្តិ ការយកទ្រព្យសម្បត្តិធ្វើជាចម្បង ។ បញ្ហាទាំងឡាយដែលកើតនៅក្នុងរឿងផ្កាស្រពោន គឺភាគច្រើនបង្កដោយសារ យាយនួនទាំងអស់ ដោយសារតែគាត់ចង់បានលុយ ចង់បានទ្រព្យសម្បត្តិ ។ យាយនួន ដែលជាមាតារបស់វិធាវី បានបង្ខំឲ្យនាងរៀបការជាមួយនឹងបុគ្គលម្នាក់ ដែលនាងមិនស្រឡាញ់ពិតមែន ឬ​ ចេញពីចិត្ត ។ ក្នុងចុងរឿង យើងអ្នកអានបានស្វែងរកឃើញថា វិធាវីបានទទួលអនិច្ចកម្ម ដោយសារតែការឈឺធ្ងន់ ព្យាបាលមិនធូរ ។ ការឈឺចាប់ដែលវិធាវីទទួលបាននោះ គឺដោយសារតែយាយនួនបង្ខំឲ្យនាងធ្វើអ្វី ដែលនាងមិនពេញចិត្តក្នុងការប្រព្រឹត្ត ។ មេរៀនដែលរឿងផ្កាស្រពោនចង់ឲ្យយើង អ្នកអាន សិក្សា យកទៅអនុវត្តនោះគឺ ការមិនយកទ្រព្យសម្បត្តិធ្វើជាចម្បង ។ បើយើងចង់បានតែទ្រព្យសម្បត្តិ ការលោភលន់ចង់បាននោះអាចបង្កឲ្យមានបញ្ហាផ្សេងៗ ដែលទ្រព្យ ឬ ប្រាក់មិនអាចយកទៅជួយដោះស្រាយបន្ធូរបាន ។ និយាយអំពីរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់ វិញ យើងដឹងថា សមជួបប្រទះជាមួយនឹងបញ្ហានិងផលវិបាកជាច្រើននៅក្នុងរឿង ។ ប៉ុន្តែបញ្ហាសឹងទាំងអស់នោះ គឺសុទ្ធតែកើតឡើងដោយសារតែគេមើលងាយ និងវាយតម្លៃគាត់ជាអ្នកក្រ ។ គេបានជេរ ស្អប់ខ្ពើម ជិះជាន់លើនិងធ្វើចំពោះសមដោយអយុត្តិធម៌ និងដោយវាយតម្លៃតែសំបកក្រៅទៀតផង ។ អ្នកដែលប្រព្រឹត្តអំពើទាំងឡាយនោះ គឺភាគច្រើន អ្នកមានប្រាក់តែគ្មានភាពសុចរិត ឬ សិល្ប៍ធម៌ ។ រីឯអ្នកក្រផ្សេងវិញ គឺស្និទ្ធស្នាល មានចិត្ត មានថ្លើមចេះជួយសមមិនដូចអ្នកផ្សេងទេ ពីព្រោះពួកគាត់ធ្លាប់នៅក្នុងស្ថានភាពរបស់សមដែរ ។ សមជួបប្រទះនឹងសំណាងអាក្រក់ជាច្រើនដង ច្រើនសារ ហើយក្រពិបាកមែន ប៉ុន្តែទោះស្ថានភាពរបស់សមពិបាកទ្រាំមិនបានយ៉ាងណា សមមិនដែលប្រព្រឹត្តនូវអំពើទុចរិត មិនស្មោះឡើយ ក្រៅពីការលួចក្របូប ។ ការលួចក្របូបនោះគឺអំពើមួយ ដែលសមបានប្រព្រឹត្ត ចេញពីសេចក្ដីស្រែកឃ្លាននិងការទ្រាំមិនបាន ។ តើរឿងមួយនេះចង់បង្រៀនយើងអ្វី? រឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់នោះ គឺចង់បង្រៀន ចង់ប្រាប់យើងទាំងអស់គ្នា ដែលជាអ្នកអាន អ្នកសិក្សា អ្នករស់នៅក្នុងសង្គមនោះ ថាយើងមិនត្រូវវាយតម្លៃ ឬ មើលងាយអ្នកណាម្នាក់ដោយសំបកក្រៅ ដោយមិនស្គាល់ធាតុពិតនិងប្រវត្តរបស់គេទេ ព្រោះអ្វីដែលយើងគិតនោះ គឺអាចខុសឆ្ងាយមិនស្របជាមួយនឹងអ្វីដែលត្រូវ ហើយជាការពិត ។ រឿងនីមួយៗខាងលើសុទ្ធតែឆ្លុះបញ្ចាំសង្គមនៅសម័យណាមួយ សុទ្ធតែមានបញ្ហា និងមានមេរៀន ដែលបើយើងយកទៅអនុវត្ត នឹងផ្ដល់ប្រយោជន៍ដល់យើង ។ បន្ទាប់ពីអានសិក្សាអំពីស្នាដៃខ្មែរចំនួនបីនេះ យើងដឹងថាអក្សរសិល្ប៍ពិតជាការសិក្សអំពីមនុស្ស ដើម្បីប្រយោជន៍មនុស្សមែន ។

ទស្សនៈប្រធានខាងលើពិតជាប្រធានមួយដ៏ល្អ ។ ទស្សនៈនេះបង្រៀននិងអប់រំអ្នកអាន ដោយធ្វើឲ្យស្គាល់អំពីបញ្ហាដែលមនុស្សអាចនិងធ្លាប់ជួបប្រទះ តាមរយៈឆ្លុះបញ្ចាំងសង្គម ក្នុងអត្ថបទនិងស្នាដៃផ្សេងៗ ។ បន្ថែមទៅទៀត ទស្សនៈនេះក៏ធ្វើឲ្យអ្នកអាន គិតពីអក្សរសិល្ប៍ច្បាស់ជាងមុន ។ អក្សរសិល្ប៍គឺជាការសិក្សាមួយដ៏សំខាន់ និងមានប្រយោជន៍ដល់ជាច្រើននាក់ជុំវិញពិភពលោក ។ យើងទាំងអស់គ្នា ក្នុងនាមជាអ្នកសិក្សា ចេះឆ្ងល់ ចេះចង់ដឹង និងជាប្រជាជននៃជំនាន់ក្រោយ គួររៀនមិនត្រឹមតែអំពីបញ្ហា ដែលបង្ហាញនិងឆ្លុះបញ្ចាំងក្នុងស្នាដៃអក្សរសិល្ប៍ យើងក៏គួរយកវាទៅពិចារណា គិតចំពោះ ហើយអនុវត្ត ដើម្បីធ្វើជាជំនួយនិងប្រយោជន៍ដល់យើងនិងអ្នកដទៃក្នុងការរស់នៅរាល់ថ្ងៃ ។

Leave a Reply

Your email address will not be published. Required fields are marked *