ភាសាខ្មែរ៖ ទៀន៦ដើម | វគ្គទី១

“ណែ! ចាំផង! គ្នាមិនទាន់រៀបចំសៀវភៅហើយផង នាំគ្នាទៅចោលបាត់!” លីលីស្រែកចេញមកពីផ្ទះដោយភ័យខ្លាចមិត្តភក្ដិទៅចោល ។

ថ្ងៃនោះគឺថ្ងៃច័ន្ទ ហើយជាថ្ងៃបវេសនកាលនៅឯសាលារៀនរបស់លីលី ព្រមទាំងជាថ្ងៃតំបូងនៃឆ្នាំសិក្សាចុងក្រោយរបស់នាង ។ មិត្តភក្ដិរបស់នាង បានមកផ្ទះនាងដើម្បីយកជូននាងទៅសាលា ។

“យីលីលី! ម៉េចបានយូរម្លេស? ពេលយប់ម្សិលមិញ លីលីឯងរវល់ធ្វើស្អីគេ បាន​ជាមិនរៀបចំសៀវភៅ? ដឹងថាថ្ងៃនេះជាថ្ងៃដំបូងផង!” សោភាតបឆ្លើយដោយកំហឹង ។ សោភាគឺជាសិស្សដ៏ពូកែមួយនៅសាលា នាងមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងថ្នាក់របស់នាង ។ នាងក៏ជាមិត្តល្អមួយដែរ ។ នាងគ្រាន់តែមានទំលាប់ឆាប់ខឹង ប៉ុន្តែនាងមិនចេះខឹងយូរទេ ។

“គ្នារវល់និយាយជាមួយសង្សារ ពុំមានពេលទំនេរឡើយ!”

“លីលីឯងគ្មានសង្សារទេ! កុំមកកុហកយើង! ទោះយ៉ាងណា ក៏វាមិនសំខាន់ជាងការសិក្សាដែរ!”

ដោយធុញទ្រាំមិនបាន ចរិយាបានស្រែកពីចម្ងាយដាក់សោភានិងលីលីថា “អេ! បើរវល់តែឈ្លេាះគ្នាអញ្ចឹង តិចខ្ញុំឈប់ចាំពួកឯងឥឡូវហ្នឹង!”។ ចរិយាក៏ជាមិត្តរបស់លីលីដែរ ។ នាងគឺជាអ្នកដែលបើកបរម៉ូតូ ។

“​ចាស៎! រៀបចំរួចហើយ! គ្នាចុះទៅឥឡូវហើយ ។” លីលីស្រែកមកពីក្នុងផ្ទះជាលើកចុងក្រោយ មុនរត់មកខាងក្រោម ។ ដោយមិននិយាយអីសោះ សិស្សទាំងបីនោះបានធ្វើដំណើរទៅសាលារៀន ។

លីលីមានគេហដ្ឋានដាច់ស្រយាលឆ្ងាយពីសាលាខុសគេ ។ មានតែមិត្តរបស់នាងទេដែលរស់នៅម្តុំហ្នឹង ។ នាងមានម៉ូតូនៅផ្ទះ ប៉ុន្តែនាងមិនចេះបើក ហើយវាជាកម្មសិទ្ធរបស់បងស្រី ។ បងស្រីរបស់លីលីធ្វើការជាអ្នកគ្រប់គ្រងធានាគារ ។ គាត់វចេញពីផ្ទះម៉ោង ៤ ព្រឹកពីព្រោះធានាគារស្ថិតនៅឆ្ងាយ ហើយមិនត្រលប់មកវិញរហូតដល់យប់ជ្រៅ ។ ពេលខ្លះគាត់មិនមកផ្ទះផង ។ ដោយហេតុនេះ ពេលដែលលីលីត្រូវការទៅរៀន មិត្តភក្ដិនោះហើយជាអ្នកដឹកជូននាងទៅ ។ វាដោយសារតែមិត្តនាងចេះជិះម៉ូតូ ហើយក៏ដោយសារមិត្តនាងមិននៅឆ្ងាយពីនាង ។

នៅមានវគ្គបន្តទៀត

សូមរងចាំសម្រាប់វគ្គបន្ទាប់ | សរសេរដោយ បញ្ញារិទ្ធិ និង មករា

Leave a Reply

Your email address will not be published. Required fields are marked *